​អ្នក​ជំនាញ​ឃើញ​ចំណុច​២ ឲ្យ​វិស័យ​អចលនវត្ថុ​ជាប់​គាំង​រយៈ​ពេល​១០​ឆ្នាំ​ទៀត​

លោក គីម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុ​ជា បាន​សម្លឹង​ឃើញ​ចំណុច​មួយ​ចំនួន​​ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប្រសិន​បើ​មិន​បាន​កំណត់​លើ​ការ​បែង​ចែក​តំបន់​សាង​សង់​ច្បាស់​លាស់ និង​ហេដ្ឋារចនាសម្ពន្ធ​។ ​​
-​ការ​មិន​បែង​ចែក​តំបន់​នីមួយ​ៗ​ឲ្យ​ច្បាស់​លាស់​ ៖ ​បើ​មិន​បាន​កំណត់​តំបន់​មួយ​ថា​គួរ​អនុញ្ញាត​អ្វី ហាមឃាត់​អ្វី​ វា​អាច​ប៉ះ​ពាល់​ដល់​តម្លៃ​ដី​ធ្លី និង​បង្អាក់​វិនិយោគិន​បរទេស​ផង​ដែរ។​​


រាជរដ្ឋាភិបាល​គួរ​កំណត់​តំបន់​ឲ្យ​បាន​ច្បាស់​លាស់​ថា​ គួរ​អនុញ្ញាត​ឲ្យ​សាង​សង់​អ្វី និង​ហាមឃាត់​អ្វី។​​​ ​បច្ចុប្បន្ន​នៅ​ភ្នំពេញ ​មាន​ការ​សាង​សង់​ច្របូក​ច្របល់​គ្នា មិន​ច្បាស់​លាស់​ដូច​ជា​តំបន់​មួយ​ចំនួន​​​សង់​រោង​ចក្រ​ក៏​បាន​ សង់​ផ្ទះ​​ ឬ​វី​ឡា​ក៏​បាន​។ ជា​ហេតុ​ធ្វើ​ឲ្យ​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​តម្លៃ​ដី​ធ្លី​នៅ​ទី​នោះ​។ ឧ៖ តំបន់​បឹង​កេង​កង​ ជា​តំបន់​ដី​ធ្លី​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ថ្លៃ តែ​បើ​មាន​រោង​ចក្រ​ទៅ​បោះ​ទីតាំង​នៅ​ទី​នោះ​ វា​ធ្វើ​ឲ្យ​ខូច​សោភណភាព​និង​ហាង​ឆេង​ដី​ធ្លី​ ​ប៉ះ​ពាល់​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​អ្នក​វិនិយោគិន​មួយ​ចំនួន​គេ​នឹង​ពិបាក​ពិចារណា​ក្នុង​ការ​រកស៊ី​សាង​សង់​នៅ​កម្ពុជា។

​ការ​កំណត់​ទិស​ដៅ​តំបន់​សាង​សង់​បាន​ច្បាស់​លាស់​ មិន​ត្រឹម​ជួយ​លើក​សោភណភាព​ទី​ក្រុង​ឲ្យ​ស្រស់​ស្អាត​នោះ​ទេ វិស័យ​អចលនទ្រព្យ​នៅ​ទី​នោះ​ក៏​មាន​សក្ដានុពល​ភាព​ដែរ​។​
-ពង្រីក​​រចនាសម្ព័ន្ធ​ ៖ ​ទាំង​​ផ្លូវ​ និង​ប្រព័ន្ធ​លូ​ ត្រូវ​សាងសង់​ឲ្យ​ធំ​ទូលាយ​ជាង​នេះ​២​ដង​ ។ ​សព្វ​ថ្ងៃ​​លោក​សង្កេត​ឃើញ​ ម្ចាស់​គម្រោង​សង់​ផ្លូវ​ ឬ​លូ​សម្រាប់​​តែ​ចំនួន​មនុស្ស​សម័យ​បច្ចុប្បន្ន។ ក្នុង​រយៈ ពេល​៥ ឬ១០​ឆ្នាំ​ខាង​មុខ កំណើន​ប្រជាជន​នឹង​កើន​ឡើង ហើយ​ការ​ចរាចរណ៍​ក៏​កាន់​តែ​កក​ស្ទះ​និង​មមាញឹក​ខ្លាំង។ ម្ល៉ោះ​ហើយ ​ទាំង​ផ្លូវ​ក្នុង​បុរី​គួរ​តែ​ធំ​ជាង​បច្ចុប្បន្ន​២​ដង​ ពិសេស​តំបន់​​ជាយ​ក្រុង​ ។ ចំណែក​ប្រព័ន្ធ​លូ​ក៏​ដូច​គ្នា ត្រូវ​ធំ​ជាង​សព្វ​ថ្ងៃ​២​ដង​ទើប​បង្ក​ការ​ងាយ​ស្រួល​ទៅ​ថ្ងៃ​ខាង​មុខ​បាន​ប្រ​សើរ៕



អត្ថបទ៖ លឹម សុ​នា​​
ប្រភព៖ news.sabay.com.kh

Comments

Popular posts from this blog

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន