៧របៀប ក្បួនទិញផ្ទះនាំសំណាងតាមជំនឿចិន មិនចំណាយលុយច្រើន
ក្នុងការជ្រើសរើសផ្ទះ សម្រាប់ស្នាក់អាស្រ័យមានមនុស្សមួយចំនួន តែងប្រកាន់នូវជំនឿផ្សេងៗ ទាំងតាមជំនឿពីបុរាណ និងជំនឿតាមក្បួនហុងស៊ុយ ហើយពេលនេះ Sabay សូមនាំមកជូនមិត្តអ្នកអាន ស្វែងយល់អំពីជំនឿក្នុងការទិញផ្ទះ ដើម្បីឱ្យរស់នៅបាន ត្រជាក់ត្រជុំ មានសេចក្តីសុខ។ សម្រាប់ជនជាតិអាស៊ី និយមជ្រើសទិញផ្ទះបែរមុខទៅទិសខាងជើង ខាងត្បូង ឬខាងកើត។ សម្រាប់ជនជាតិលោកខាងលិច ឬអឺរ៉ុប និយមជ្រើសទិញផ្ទះបែរមុខទៅទិសពាយ័ព្យ ទិសនិរតី ឬទិសឦសាន។ យ៉ាងណាមិញ សូមអានការបកស្រាយលម្អិតដូចខាងក្រោមនេះ៖
១. ពុំគួរទិញផ្ទះមានរូបរាងប្លែកពេក
ក្នុងការជ្រើសរើសទិញផ្ទះ គេមានជំនឿថាគួរជ្រើសរើសទិញផ្ទះណាដែលមានទ្រង់ទ្រាយសមស្រប អាចជារាង៤ជ្រុងស្មើ ឬ ៤ជ្រុងទ្រវែង។ ពុំគួរទិញផ្ទះដែលមានរូបរាងប្លែកពេកនោះទេ ព្រោះអាចនឹងបាត់មុំ ឬជ្រុងណាមួយនៃផ្ទះដែលធ្វើឱ្យក្រុមគ្រួសារខាត លាភសំណាង នៅផ្នែកណាមួយ។ ឧទាហរណ៏ ផ្ទះដែលផត ឬគ្មានមុំ ឬជ្រុងទិសខាងលិច ធ្វើឱ្យគូស្វាមីភរិយាពិបាកមានបុត្រជាដើម។
២. ពិនិត្យបរិវេណផ្ទះ និងធ្វើការសង្កេតឲ្យល្អិនល្អន់
បន្ទាប់មក អ្នកគួរពិនិត្យបរិវេណផ្ទះ និងធ្វើការសង្កេតមើល តើមានកន្លែងណាមានលូទឹក ខ្សែភ្លើង កន្លែងកប់ខ្មោច ប៉ាឆា ឬអ្វីផ្សេងៗទៀត ឬអត់? ព្រោះវត្ថុទាំងនោះ អាចនាំសំណាងអាក្រក់មកឱ្យផ្ទះ ដែលនៅក្បែរៗនោះ។
៣. កុំមើលរំលងជ្រុង តំបូលផ្ទះ ឬការរចនាម៉ូតរបស់ផ្ទះ
បន្ទាប់ពីនោះ គួរមើលជ្រុង តំបូលផ្ទះ ឬការរចនាម៉ូតរបស់ផ្ទះដែលនៅជុំវិញផ្ទះនោះ មិនគួរឱ្យមានធ្នូពិឃាត ឬសសរភ្លើងផ្សេងៗ ស្ថិតនៅចំពីមុខ ឬបុកមកចំទ្វារ ចូលនៃផ្ទះនោះទេ។
៤. ត្រួតពិនិត្យទា្វរចេញចូល
ទ្វារចេញចូល គួរឱ្យមានភាពរឹងមាំ ដើម្បីការពារផ្ទះផង ក៏ដូចជាការពារក្រុមគ្រួសារផង និងត្រូវឱ្យមានទំហំធំ ដែលអាចនាំ មកនូវលាភសំណាង ភាពរឹងមាំយូរអង្វែង។ នៅពេលមើលពីទ្វារផ្ទះ ចូលទៅក្នុងគួរជាទីធ្លាទទួលភ្ញៀវធំទូលាយ ពុំមែនតូចចង្អៀត នោះទេ ព្រោះអាចរាំងស្ទះភាពចម្រើនរុងរឿងចូលមកក្នុងផ្ទះ។
៥. ទ្វាធំខាងមុខ មិនត្រូវឱ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយ
ទ្វាធំខាងមុខ មិនត្រូវឱ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយទេ ព្រោះលក្ខណៈនេះ អាចធ្វើឱ្យមានប្រាក់ហូរចេញពីក្រុម គ្រួសារ និងមិនអាចរក្សាភាពគង់វង្សបាន។ កុំព្យួរកញ្ចក់ នៅមុខទ្វាចេញចូល ព្រោះជាការបណ្តេញភ្ញៀវដែលធ្វើឱ្យគ្មានញាតិមិត្ត បងប្អូន មកលេងសួរសុខទុក្ខ។
៦. កុំទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសពាយ័ព្យ
កុំទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសពាយ័ព្យ (ខាងលិច ឆៀងខាងជើង) នៃផ្ទះ ព្រោះអាចនឹងផ្តល់ផលអាក្រក់ដល់អ្នកជាឪពុក រួមទាំងការអសមត្ថភាពធ្វើជាឪពុកផងដែរ។ ក្នុងករណីដែលអ្នកជ្រុលទិញផ្ទះនេះហើយ ត្រូវប្រាកដថាចង្ក្រានបាយ មិនស្ថិតនៅទិសពាយ័ព្យនៃផ្ទះបាយឡើយ។ យកល្អគួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង ទើបជាការប្រសើរ។
៧. បន្ទប់គេង គួរដាក់ក្បាលគ្រែទៅតាមទិសមង្គល
បន្ទប់គេង គួរមានទំហំធំ និងផ្ទៃទូលាយ ដែលអាចឱ្យអ្នកដាក់ក្បាលគ្រែទៅតាមទិសមង្គលរបស់អ្នក។ កុំដាក់ក្បាលដំណេក ជាប់នឹងជញ្ជាំងបន្ទប់ទឹកព្រោះអាចបង្កឱ្យមានបញ្ហាដល់ជិវិតអាពាហ៏ពិពាហ៌ ឬសម្ពន្ធ័ផ្សេងៗ នាអនាគត។ អ្នកគួរពិនិត្យមើលពិតាន គ្រប់ជ្រុងផងដែរ ដើម្បីឱ្យប្រាកដថា អ្នកមិនបានគេងនៅក្រោមធ្នឹម ទុយោទឹក នៃបន្ទប់ទឹក ឬបង្គន់នោះទេ៕
ប្រភព៖ Fortune Teller Khmer App
អត្ថបទ៖ ស៊ិន សាវ៉េត
Comments
Post a Comment