តិចនិចក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យ វគ្គទី២
2 យុទ្ធសាស្រ្ត៖ ផ្ទះបៃតង៤ប្តូរយកសណ្ឋាគារក្រហម១


នេះជាគំនិតរបស់លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ Rich Dad Poor Dad ។ គំនិតចម្បងរបស់ លោក Robert ក្នុងយុទ្ធសាស្រ្តនេះ បានបង្ហាញថា បើអ្នកចង់ចាប់ផ្តើមមុខរបរធំដូចជាសណ្ឋាគារ អ្នកត្រូវចាប់ផ្តើមជាមួយនឹងមុខរបរតូចៗ ដូចជាផ្ទះជួលធម្មតាជាមុខសិន។ ដោយលោកបានពន្យល់ថា ដំបូងលោកចាប់ផ្តើមទិញផ្ទះម្តងមួយៗ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានវិបត្តិ ដោយមានផ្ទះជាច្រើនបានធ្លាក់ថ្លៃ។ ក្រោយពេលសេដ្ឋកិច្ចចាប់ផ្តើមរីកចម្រើនទ្បើងវិញ លោកក៏បានលក់ផ្ទះ៤ ដើម្បីលោកអាចយកប្រាក់ទៅទិញសណ្ឋាគារធំមួយបាន។ គួសបញ្ចាក់ថា ការទិញផ្ទះទាំង៤របស់លោក គឺលោកមិនបានប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន របស់លោកទាំងអស់នោះទេ តែលោកបានប្រើប្រាស់ប្រាក់របស់ធនាគារដើម្បីទិញ។
លោកបានពន្យល់ថា លោកស្ទើរតែមិនប្រើប្រាស់ប្រាក់របស់ខ្លួនសោះឡើយ ក្នុងការទិញផ្ទះទាំងអស់នោះ ដោយលោកខ្ចីលុយពីធនាគារ ដែលកំពុងតែមានអត្រាការប្រាក់ទាប ព្រោះពេលមានវិបត្តិ អ្នកខ្ចីលុយមិនសូវមានច្រើននោះទេ ហេតុនេះហើយបានជាធនាគារបានទម្លាក់អត្រាការប្រាក់ឲ្យចុះថោកជាងមុន។ ទទ្ទឹមនឹងនោះ តម្លៃផ្ទះក៏មានកម្រិតទាប នេះជាមូលហេតុដែលនាំឲ្យលោកទិញហើយជួលមកវិញ ហើយទទួលបានប្រាក់ចំណេញថែមទៀត ក្រោយពីការទូទាត់ការប្រាក់ជាមួយនឹងធនាគាររួច។
គន្លឹះជោគជ័យក្នុងយុទ្ធសាស្រ្តនេះ គឺលោកអ្នកត្រូវរៀនពីការជួលអចលទ្រព្យឲ្យបានច្រើន។ លោកអ្នកត្រូវដឹងថា តើផ្ទះដែលលោកអ្នកបម្រុងនឹងទិញនោះអាចមានតម្លៃទីផ្សារជួលប៉ុន្មាន? ហើយលោកអ្នកត្រូវធ្វើបែបណាដើម្បីជ្រើសរើសអ្នកជួលដែលល្អបាន? ជួលបានថ្លៃ ហើយអ្នកជួលចេះថែទាំផ្ទះ ឲ្យលោកអ្នកបានល្អទៀត។
សម្រាប់លោកអ្នកដែលកំពុងធ្វើការ ហើយមិនទាន់មានប្រាក់ច្រើនហូរចូលប្រចាំខែ យុទ្ធសាស្រ្ត នេះ អាចជាយុទ្ធសាស្រ្តល្អបំផុត ព្រោះលោកអ្នកអាចចាប់ផ្តើមជាមួយផ្ទះដែលមានតម្លៃទាប ក្រោម ៥ម៉ឺនដុល្លារបាន ដោយ គ្រាន់តែយកកម្ចីខ្លះពីធនាគារមកប្រើប្រាស់បន្ថែម។ ហើយបច្ចុប្បន្ននេះ អាត្រាប្រាក់កម្ចីសម្រាប់ទិញផ្ទះរបស់ធនាគារមួយចំនួនបានធ្លាក់រហូតមកដល់ ៨% ក្នុងមួយឆ្នាំ តែយ៉ាងណាតម្លៃអចលនទ្រព្យក៏កំពុងតែទ្បើងថ្លៃវិញដែរ។ ដូចនេះដើម្បីជោគជ័យ លោកអ្នកគួរចំណាយពេលសិក្សាលើផ្ទះឲ្យបានច្រើនមុននឹងសំរេចចិត្តទិញ។ ត្រូវទិញផ្ទះណា ដែលអាចទាញចំណូលបានមកវិញខ្ពស់ នោះលោកអ្នកនឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីសងការប្រាក់មកឲ្យធនាគារវិញ ហើយថែមទាំងសល់លុយទៀត។
ប្រសិនបើអាច ពេលវេលាដែលល្អបំផុតសម្រាប់លោកអ្នក គឺនៅពេលដែលវិស័យអចលនទ្រព្យរបស់កម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិម្តងទៀត។ តាមការបកស្រាយរបស់អ្នកជំនាញផ្សេងៗ គឺវានឹងអាចកើតទ្បើងនៅកំឡុងពេល ១ ទៅ២ ឆ្នាំក្រោយទៀត។ ដូចនេះ លោកអ្នកអាចត្រៀមថវិកា និងសិក្សាពីកន្លែងដែលលោកអ្នកគួរវិនិយោគឲ្យហើយ បើសិនជាវិស័យអចលទ្រព្យពិតជាធ្លាក់ចូលទៅក្នុងវិបត្តិសារជាថ្មីម្តងទៀត ដូចដែលអ្នកជំនាញបានលើកឡើងមែននោះ។
ប្រភព៖ www.business-cambodia.com
Comments
Post a Comment