រដ្ឋមន្ត្រីក្រសួងដែនដី ផ្តល់អនុសាសន៍ខ្លះៗ ទាក់ទងនឹងការទិញអចលនទ្រព្យ សម្រាប់អ្នកចំណូលទាប
ការរកស៊ីក្នុងវិស័យអចលនទ្រព្យ អាចនិយាយបានថា មិនមែនជាការងាយស្រួលប៉ុន្មានទេ ប្រសិនបើលោកអ្នកមិនធ្លាប់ឆ្លងកាត់បទពិសោធន៍ទិញលក់ក្នុងវិស័យនេះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តម ជា សុផារ៉ា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះរបរនេះផងដែរ។ ប៉ុន្តែទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីដដែលក៏បានប្រាប់គន្លឹះខ្លះៗ សម្រាប់អ្នកមានចំណូលទាប និងខ្ពស់ទុកជាដំបូន្មានក្នុងការចាប់ផ្ដើមទិញផ្ទះ ឬដី ដើម្បីបង្កើតលុយឲ្យកើនវិញដែរ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមបានថ្លែង ក្នុងពិធីសម្ពោធគម្រោងលំនៅដ្ឋានតម្លៃសមរម្យ កាលពីពេលថ្មីៗនេះ ដោយបានណែនាំប្រជាពលរដ្ឋ អ្នកមានចំណូលទាបថាៈ «បើចង់មាន មានតែទិញដីទេ»។ ឯកឧត្តមពន្យល់ថា សម្រាប់គ្រួសារដែលមានចំណូលទាប បើមិនមានលទ្ធភាពទេ គួរកុំទិញផ្ទះ តែត្រូវទិញដី ប៉ុន្តែគួរសម្លឹងរកដីនៅតំបន់ណាដែលមានទីតាំងល្អ ហើយមានការដឹងឭពីក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តមបញ្ជាក់ថាៈ «ដីកើតមិនងាយទេ តែមនុស្សងាយនឹងកើត... ថ្ងៃក្រោយដីនេះឡើងថ្លៃយើងក្លាយទៅជាអ្នកមាន»។
យ៉ាងណា សម្រាប់អ្នកមានលុយមានលទ្ធភាពទិញផ្ទះវិញ ឯកឧត្តមលើកឡើងថាៈ « បើអ្នកមានលុយទិញផ្ទះ គួរយកផ្ទះនោះដាក់ជួលគេវិញ»។ មានន័យថា ទិញផ្ទះហើយដាក់ជួល បានលុយពីការជួលផ្ទះឲ្យគេ មកសន្សំ និងវិនិយោគបន្ត តួយ៉ាងអាចយកទិញដីទុកនៅតំបន់អភិវឌ្ឍន៍បន្ថែម នេះជាវិធី យកលុយបង្កើតលុយកាន់តែច្រើនថែមទៀត។
គំនិតខាងលើនេះប្រហាក់ប្រហែលគ្នានឹងអ្នកនិពន្ធសៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» ដ៏ល្បីនៅលើពិភពលោកមួយរូប គឺលោក Robert Kiyosaki ក៏បានប្រាប់វិធីដើម្បីធ្វើឲ្យផ្ទះលោកអ្នកក្លាយជាទ្រព្យ ដែលអាចបង្កើតលុយជូនអ្នក បានគឺ អ្នកត្រូវទិញផ្ទះនោះដើម្បីជួល។
ពេលអ្នកទិញ អ្នកត្រូវតែវិភាគឲ្យបានត្រឹមត្រូវ ដោយរំពឹងថាផ្ទះនោះនឹងមានចំណូលជានិច្ច ទោះមានវិបតិ្តសេដ្ឋកិច្ចកើតទ្បើងក៏ដោយ។ លោកបន្តថា ពេលអ្នកនៅក្មេងសូមកុំទិញផ្ទះធំពេក ដើម្បីរស់នៅ អ្នកគួរជួលគេ ឬរស់នៅផ្ទះតូចបានហើយ ទុកផ្ទះធំនិងមានទីតាំងល្អដើម្បីជួលវិញ ទើបផ្ទះអ្នកអាចបង្កើតលុយឲ្យអ្នកថ្ងៃក្រោយ៕


Comments
Post a Comment