តិចនិចក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យ (វគ្គទី១)
1 យុទ្ធសាស្រ្ត៖ លក់ទ្រព្យ-ធ្វើអាជីវកម្ម-ទិញទ្រព្យ
យុទ្ធសាស្រ្តនេះអាចប្រើបានសម្រាប់លោកអ្នកដែលមានទ្រព្យខ្លះ ជាកេរ្តិ៍សេសសល់ពី ឪពុកម្តាយ ឬពីចំណងដៃអាពាហ៍ពិពាហ៍ ឬសល់ពីការខិតខំសន្សំប្រាក់ខែ ដែលបានពីការធ្វើការឲ្យគេជាដើម។ នៅខណៈពេល តម្លៃអចលនទ្រព្យបាននឹងកំពុងតែទ្បើងថ្លៃគួរឲ្យកត់សំគាល់ ដូចនេះលោកអ្នកអាចពិចារណាក្នុងការលក់ទ្រព្យរបស់លោកអ្នកនៅឆ្នាំនេះ ដើម្បីយកមកធ្វើជាទុនក្នុងការចាប់ផ្តើមអាជីវកម្ម។ ក្រោយពេលដែលលោកអ្នកធ្វើអាជីវកម្មបានមួយរយៈមក នោះអាជីវកម្មរបស់លោកអ្នកអាចមានសាច់ប្រាក់ខ្លះនៅសល់ ដែលអាចឲ្យលោកអ្នកអាចចាប់ផ្តើមទិញយកអចលនទ្រព្យមកវិញ។
សូមបញ្ជាក់ថា នេះជាយុទ្ធសាស្រ្តដែលសហគ្រិនជោគជ័យមួយចំនួនបាននឹងកំពុងតែប្រើនៅកម្ពុជា។ ជាក់ស្តែង លោកប៉ិច បូទ្បែនធ្លាប់បានប្រាប់ឲ្យ Business Cambodia ដឹងថា លោកធ្លាប់លក់ផ្ទះលោកដើម្បីរកស៊ី ហើយជាបណ្តោះអាសន្ន លោកបានជួលផ្ទះគេសម្រាប់ស្នាក់នៅ និងយកទុនដែលបានពីការលក់ផ្ទះនោះយកមករកស៊ីសិន។
មួយរយៈក្រោយមកលោកក៏បានចូលរួមបង្កើតនូវសាលារៀនឯកជនបានមួយកន្លែង ជាមួយដើម្បីទុន៤ម៉ឺនដុល្លារ ដែលលោកទទួលបានពីការលក់ផ្ទះនោះ។ ដោយសារតែភាពប៉ិនប្រសព្វលើការបង្វិលទុនលោក ប៉ិច បូឡែន ក៏បានក្លាយជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនលោកមានដើមទុនរាប់លានដុល្លា និងពង្រីកបានសាខាធំៗជាច្រើនកន្លែងផ្សេងទៀត។
គួររំឭកផងដែរថា មុននឹងលោកអ្នកសម្រេចចិត្តថាលក់ទ្រព្យរបស់លោកអ្នក ដើម្បីចាប់ផ្តើមរកស៊ី គឺលោកអ្នកចាំបាច់ត្រូវតែមានគម្រោងអាជីវកម្មច្បាស់លាស់ គួបផ្សំនឹងយុទ្ធសាស្ត្រជាក់លាក់ ដែលអាចនឹងនាំអ្នកទៅរកភាពជោគជ័យជាមុនសិន។
អត្ថបទដោយ៖ David Kem
ប្រភព៖ www.business-cambodia.com

Comments
Post a Comment