លោក គីម ហ៊ាង៖ ធ្វើយ៉ាងណា ទើបអ្នកចំណូលមធ្យមអាចទិញផ្ទះបាន?
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង ជាប្រធានសមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា កាលណាប្រទេសកាន់តែអភិវឌ្ឍខ្លាំង នោះអ្នកចំណូលមធ្យមនឹងកាន់តែលំបាកក្នុងការទិញផ្ទះ ដោយសារតែតម្លៃអចលនទ្រព្យចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ដូច្នេះលោកក៏បានលើកពីដំណោះស្រាយចំនួន២ដូចខាងក្រោម៖
សិក្សាពីលទ្ធភាព និងលំហូរសាច់ប្រាក់របស់ខ្លួន
ជម្រើសល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម ដើម្បីក្លាយជាម្ចាស់លំនៅឋានបានគឺគួរតែជ្រើសរើសការទិញដោយការបង់រំលស់ជាមួយធនាគារ ឬតាមក្រុមហ៊ុនដែលសង់បុរីផ្ទាល់។
ក្នុងការទិញដោយវិធីសាស្ត្រនេះ អ្នកចាំបាច់ត្រូវដឹងពីលទ្ធភាព និងលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានម៉ត់ចត់ថា តើក្នុងមួយខែអ្នកអាចមានចំណូលប៉ុន្មាន? ហើយអាចសងការប្រាក់ទៅធនាគារនិងក្រុមហ៊ុនបុរីនោះបានក្នុងកម្រិតណា? ហើយប្រាក់បម្រុងរបស់អ្នកដែលនៅក្នុងដៃមានគ្រប់គ្រាន់ឬនៅ?
គិតពីកត្តាតម្លៃជាចម្បងកុំផ្តោតលើទីតាំង
សម្រាប់អ្នកដែលមានជីវភាពមធ្យមពេលទិញផ្ទះគួរតែគិតពីតម្លៃច្រើនជាជាងទីតាំង ព្រោះបើគេគិតស្វែងរកតែទីតាំងណាល្អៗ នោះតម្លៃរបស់វានឹងហួសពីលទ្ធិភាពដែលពួកគេមាន។
ពួកគាត់ អាចជ្រើសរើសបុរីណាមួយសមរម្យនៅតំបន់មួយចំនួនដូចជា តំបន់ស្ទឹងមានជ័យ វេងស្រេង ចំការដូង និងជាប់ផ្លូវជាតិធំៗនានា តែធ្វើយ៉ាងណាកុំឲ្យលើសពី១៥គីឡូម៉ែត្រគិតពីរាជធានីភ្នំពេញ ហើយត្រូវប្រាកដថា វាជាតំបន់ដែលមានការអភិវឌ្ឍឬអាចប្រកបរបរបានកាន់តែប្រសើរ។
មិនតែប៉ុណ្ណោះ លោកក៏បានរំលឹកទៀតថា សម្រាប់អ្នកចំណូលមធ្យមគួរតែទិញផ្ទះតម្លៃចាប់ពី ៣ម៉ឺន ទៅ ៥ម៉ឺន ទើបជាតម្លៃល្អ និងសមស្របទៅតាមលទ្ធភាពរបស់ពួកគេ។
អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ
ប្រភព៖ www.business-cambodia.com

Comments
Post a Comment