ដំណឹងពិសេស! ឆាប់ៗ​នេះ អ្នក​រកស៊ី​ដី​ធ្លី​នៅ​កម្ពុជា ក៏អាច​ទៅ​លក់​ដី​នៅ​បរទេស​បាន


នៅ​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ Sabay នៅ​ក្នុង​ពិធី​បើក​សន្និបាត និង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា លោក​បណ្ឌិត គីម ហ៊ាង ​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ខាង​មុខ​នេះ​អ្នក​រកស៊ី​ផ្នែក​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ទៅ​រកស៊ី​នៅ​បរទេស​បាន​ដូច​គ្នា។

លោក​បាន​លើក​ឡើង​ថា ពិព័រណ៍​អចលនទ្រព្យ​​ឆ្នាំ ២០១៧​នេះ គោលបំណង​ធំ​បំផុត គឺ​ចង់​លុប​បំបាត់​អាជីវកម្ម​ព្រំដែន​ដី​ធ្លី​។ មក​ដល់​ចំណុច​នេះ​លោក​បាន​និយាយ​ថា៖ "កន្លង​មក​យើង​បាន​ដឹង​ហើយ​ថា ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​អាច​មក​លក់​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​បាន តែ​យើង​អាច​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​វិញ​បាន​ដូច​គ្នា តាមរយៈ​ការ​បង្កើត​ទំនាក់ទំនង​។"
ស្ថាបនិក​ក្រុមហ៊ុន​ KHMER REAL ESTATR រូប​នេះ​បាន​បន្ថែម​ទៀត​ថា ​ចំណុច​សំខាន់​បំផុត​គឺ​ការ​បង្កើត​ទំនាក់​ទំនង​ឱ្យ​ទូលំទូលាយ​​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​នោះ​។ នៅ​ត្រង់​ចំណុច​មាន​ន័យ​ថា សមាជិក​សមាគម​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​ស្គាល់​សមាជិក​សមាគម​នៅ​ក្រៅ​ប្រទេស​​។ ឧទាហរណ៍​នៅ​ពេល​ដែល​​ប្រជាពលរដ្ឋ​កម្ពុជា ចង់​ទិញ​ខុនដូរ​ស្នាក់​នៅ​ក្រៅ​ប្រទេស តើ​ត្រូវ​ទំនាក់​ទំនង​ទៅ​ខាង​ណា​។ នេះ​ជា​គោលដៅ​ធំ​បំផុត​របស់​កម្ពុជា ក្នុង​ធ្វើ​អាជីវកម្ម​ដី​ធ្លី​ឆ្លង​ដែន​។
លោក​បណ្ឌិត គីម ហ៊ាង ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ពិធី​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​ ២០១៧​នេះ ក៏​មាន​ការ​ចូល​រួម​ពី​សមាគម​អចលនទ្រព្យ​ មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទៀត​ផង​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ចំពោះ​កម្ពុជា ក្នុង​ការ​បង្កើត​ទំនាក់ទំនង និង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​អាជីវកម្ម​ព្រំដែន​ផ្នែក​ដី​ធ្លី៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភព៖ news.sabay.com.kh

Comments

Popular posts from this blog

ស្វែង​យល់​លម្អិត ពីការ​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​មាន​ប្លង់​ទន់ និង​ប្លង់​រឹង

ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)

​៧របៀប​ ក្បួនទិញ​ផ្ទះ​នាំសំណាង​តាម​ជំនឿចិន ​មិន​ចំណាយ​លុយ​ច្រើន